​សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ ​៥​នាក់​ក្នុងការ​បង្ក្រាប​ករណី​ប៉ុនប៉ង​ឃាតកម្ម​

កម្ពុជា ព័ត៌មាន 2022-02-08 08:01:256010ព័ត៌មាន​កម្ពុជា​តាម​អ៊ីនធឺណិតមជ្ឈមណ្ឌលព័ត៌មាន

ជនសង្ស័យទាំង ៥នាក់។ រស្មីកម្ពុជា

សមត្ថកិច្ចកងរាជអាវុធហត្ថ ខេត្តស្ទឹងត្រែង បង្ក្រាបករណីប៉ុនប៉ងឃាតកម្ម និងធ្វើឱ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោសឃាត់ខ្លួនជនសង្ស័យបានចំនួនប្រាំនាក់កាលពីថ្ងៃទី០៦ ខែកុម្ភ: ឆ្នាំ២០២២ ចំណុចភូមិព្រែក សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។

សមត្ថកិច្ចបានឲ្យដឹងថា ការបង្ក្រាបខាងលើ គឺនៅថ្ងៃទី៥ ខែកុម្ភ: ឆ្នាំ២០២២ ចាប់ខ្លួន២នាក់ ដកហូតបានម៉ូតូ២គ្រឿង។ ហើយថ្ងៃទី៦ ខែកុម្ភ: ឆ្នាំ២០២២ ចាប់ខ្លួន៣នាក់ទៀត និងធ្វើការឆែកឆេរលំនៅឋានមួយកន្លែង ដោយចាប់យកវត្ថុតាងរួមមាន ដាវ កាំបិតតាំងតោ ដំបងឫស្សី សោម៉ូតូ កំបាំងកម៉ូតូ និងមធ្យោបាយម៉ូតូបួនគ្រឿង។

សូមបញ្ជក់ថា កាលពីថ្ងៃទី៤ ខែកុម្ភ: ឆ្នាំ២០២២ ម៉ោង៩ និង ៣០នាទីចំណុចផ្លូវចូលតាដុងតាដាំ ស្ថិតក្នុងភូមិស្រែពោធិ៍ សង្កាត់ស្រះឫស្សី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ក្រុមជនសង្ស័យខាងលើបានយកកាំបិត និងដាវ ដែលជាវត្ថុតាងខាងលើធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះឈ្មោះខ្លា សុខលីន ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរកម្មករចៀរជ័រកៅស៊ូ មានទីលំ នៅភូមិអូរកណ្តៀរ ឃុំអូរកណ្តៀរ ស្រុកសំបូរ ខេត្តក្រចេះ បណ្តាលឱ្យរងរបួសដៃស្តាំជាទម្ងន់ (កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តស្ទឹងត្រែង) និង កាប់ម៉ូតូរបស់ជនរងគ្រោះខូចខាតច្រើនកន្លែង។

ចំណែកមួយករណីទៀតនៅម៉ោង១៨និង ៤០នាទី ថ្ងៃទី៤ ខែកុម្ភ: ឆ្នាំ២០២២ នៅចំណុចទល់មុខសណ្ឋាគាររស្មីពេជ្រស្ថិតក្នុងភូមិលើ សង្កាត់ស្រះឫស្សី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែងជនង្ស័យខាងលើបានយកដាវ និង កាំបិត ជិះម៉ូតូ១គ្រឿងដេញកាប់ជនរងគ្រោះ ដែលកំពុងជិះម៉ូតូមានគ្នា២នាក់រួមមាន៖

១-ឈ្មោះណុប ចាន់សុភ័ក្ត្រា ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិស្រែពោធិ៍ សង្កាត់ស្រះឫស្សី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។

២-ឈ្មោះឡាំ សំណាង ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិ-សង្កាត់ជាមួយគ្នាខាងលើ។

ក្រោយពេលបទល្មើសប្រព្រឹត្តរួចបន្តិចមក អណាព្យាបាលរបស់ជនរងគ្រោះ និង សាក្សីបានរាយការណ៍ព្រមទាំងប្រាប់អត្តសញ្ញាណជនសង្ស័យមួយចំនួនមក សមត្ថកិច្ចតាមស្រាវជ្រាវចាប់ខ្លួនជនសង្ស័យខាងលើបានជាបន្តបន្ទាប់។

បច្ចុប្បន្នជនសង្ស័យ និង វត្ថុតាងកំពុងឃាត់និងរក្សាទុកក្នុងអង្គភាពដើម្បីឱ្យការិយាល័យជំនាញកសាងសំណុំរឿងមញ្ជូនខ្លួនទៅអយ្យការតាមនីតិវិធី៕



Comment:

Comment record:

No data was queried!

Copyright Cambodia Online All Rights Reserved.