ការដេញថ្លៃបណ្តាញអគ្គិសនីក្នុងតំបន់របស់កម្ពុជាទទួលបានការគាំទ្រពីធនាគារអភិវឌ្ឍន៍អាស៊ី

កម្ពុជា ព័ត៌មាន 2024-02-08 14:40:035626កម្ពុជា។ ព័ត៌មានមជ្ឈមណ្ឌលព័ត៌មាន

image.png

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) កាលពីម្សិលមិញបានគាំទ្រការជំរុញរបស់កម្ពុជា សម្រាប់ការបង្កើតបណ្តាញថាមពលអាស៊ាន (ASEAN Power Grid-APG) ដោយចែករំលែកទស្សនៈវិស័យ ដើម្បីបង្កើនសន្តិសុខថាមពលបៃតងរបស់តំបន់។

ប្រធានបទនេះត្រូវបានលើកឡើងដើម្បីពិភាក្សានៅក្នុងឱកាសដែលក្រុម ADB ដឹកនាំដោយនាយកប្រតិបត្តិរបស់ខ្លួនគឺលោកស្រី Rachel Thompson បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយលោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល។

ក្នុងជំនួបនោះ លោកស្រី Rachel បានសម្តែងការកោតសរសើរ ចំពោះគោលនយោបាយ និងការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក្នុងពេលដែលសេដ្ឋកិច្ចពិភពលោកកំពុងជាប់គាំងក្នុងបញ្ហាធ្ងន់ធ្ងរ។

លោកស្រីក៏មានសុទិដ្ឋិនិយមចំពោះភាពជាដៃគូរវាង ADB និងរាជរដ្ឋាភិបាល ហើយបានសន្យាថានឹងបន្តគាំទ្រដល់ផែនការអភិវឌ្ឍន៍រ៉ែ និងថាមពលរបស់កម្ពុជា។

ទន្ទឹមនឹងនេះ បណ្តាញថាមពលអាស៊ាន ត្រូវបានគេរំពឹងថានឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្លាស់ប្តូរថាមពលរបស់ប្រទេសកម្ពុជា ដែលខ្លួនត្រូវការកាត់បន្ថយថាមពលដើរដោយធ្យូងថ្ម និងជំរុញប្រភពកកើតឡើងវិញរបស់ខ្លួន។

គំនិតផ្តួចផ្តើមបណ្តាញថាមពលអាស៊ាន ដែលជាគម្រោងសំខាន់មួយនៅក្នុងផែនការមេនៃការតភ្ជាប់អាស៊ាន មានគោលបំណងបង្កើតយន្តការអន្តរការតភ្ជាប់ថាមពលក្នុងតំបន់ ដែលទីមួយលើលក្ខខណ្ឌទ្វេភាគីឆ្លងព្រំដែន ហើយបន្ទាប់មកនឹងពង្រីកបន្តិចម្តងៗទៅកាន់មូលដ្ឋានអនុតំបន់ និងជាបន្តបន្ទាប់នាំទៅដល់ សមាហរណកម្មប្រព័ន្ធបណ្តាញថាមពលអាស៊ានសរុប។

ការតភ្ជាប់គ្នាលក្ខណៈទ្វេភាគីជាច្រើន បានដំណើរការរួចហើយ ដូចជាការតភ្ជាប់រវាងសិង្ហបុរី និងម៉ាឡេស៊ី និងការតភ្ជាប់រវាងថៃទៅម៉ាឡេស៊ី។

ក្នុងឆ្នាំ២០២២ សិង្ហបុរីក៏បានចាប់ផ្តើមនាំចូលថាមពលកកើតឡើងវិញពីប្រទេសឡាវ តាមរយៈប្រទេសថៃ និងម៉ាឡេស៊ី ក្រោមគម្រោងសមាហរណកម្មថាមពល ឡាវ-ថៃ-ម៉ាឡេស៊ី-សិង្ហបុរី (LTMS-PIP) ដែលជាការកត់សម្គាល់ពីការធ្វើពាណិជ្ជកម្មវិស័យអគ្គិសនីឆ្លងដែនពហុភាគីលើកដំបូង ដែលពាក់ព័ន្ធនឹងប្រទេសអាស៊ានចំនួនបួន។

គម្រោងបណ្តាញថាមពលអាស៊ាន ក៏ផ្តល់ឱកាសសម្រាប់ការចូលរួមពីវិស័យឯកជន ក្នុងលក្ខខណ្ឌនៃការវិនិយោគ រួមទាំងការផ្តល់ហិរញ្ញប្បទាន និងការផ្ទេរបច្ចេកវិទ្យា។

ក្នុងពេលនិយាយជាមួយកាសែតខ្មែរថាមស៍កាលពីម្សិលមិញ លោក Natharoun Ngo Son នាយកប្រចាំប្រទេសនៃ EnergyLab បានកោតសរសើរកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការបង្កើតបណ្តាញថាមពលអាស៊ាន។
លោក Natharoun បាននិយាយថា “ការតភ្ជាប់បណ្តាញជាតិផ្តល់ឲ្យប្រទេសដូចជាកម្ពុជា មានធនធានថាមពលពន្លឺព្រះអាទិត្យដ៏ច្រើន ជាមួយនឹងឱកាសនាំចេញថាមពលស្អាតទូទាំងតំបន់ ដែលនឹងបង្កើតការងារ និងនាំមកនូវការវិនិយោគថ្មី នៅក្នុងព្រះរាជាណាចក្រ ហើយអាចផ្លាស់ប្តូរជំហររបស់កម្ពុជាទៅជាប្រទេសនាំចេញថាមពលសុទ្ធ (net energy exporter) នាពេលអនាគត”។

លោក Dean Rizzetti នាយកគោលនយោបាយ EnergyLab បាននិយាយថា កម្ពុជាមានសក្តានុពលថាមពលពន្លឺព្រះអាទិត្យជាង ៤៤ជីហ្គាវ៉ាត់ ដែលច្រើនជាងថាមពលពន្លឺព្រះអាទិត្យ១០០ ដង ដែលត្រូវបានដំឡើងនាពេលបច្ចុប្បន្ន និង៦ជីហ្គាវ៉ាត់ នៃសក្តានុពលថាមពលខ្យល់។

លោក Rizzetti បាននិយាយថា “ការកែលម្អការតភ្ជាប់គ្នារវាងបណ្តាញថាមពល អាចដើរតួយ៉ាងសំខាន់ក្នុងការជួយយើងឆ្ពោះទៅរកកម្រិតថាមពលកកើតឡើងវិញកាន់តែខ្ពស់” ។

ទន្ទឹមនឹងនេះ យោងតាមវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) បានឱ្យដឹងថា រដ្ឋអាស៊ានប្រឈមមុខនឹងបញ្ហាជាច្រើនក្នុងការផ្លាស់ប្តូរប្រព័ន្ធថាមពលរបស់ពួកគេ ចំពេលមានការកើនឡើងនៃតម្រូវការថាមពល និងមូលនិធិមានកម្រិត ដោយសារតម្រូវការនៃការកាត់បន្ថយទំហំនៃការបញ្ចេញកាបូនឌីអុកស៊ីត។

អាស៊ានគឺជាអ្នកប្រើប្រាស់ថាមពលធំជាងគេទីបួនរបស់ពិភពលោក ជាមួយនិងកំណើនប្រជាជនយ៉ាងឆាប់រហ័ស ដែលកើនដល់ជិត ៧០០លាននាក់។ តំបន់នេះបានឃើញអត្រាកំណើនប្រចាំឆ្នាំចំនួនបីភាគរយលើការប្រើប្រាស់ថាមពល ក្នុងរយៈពេល ២០ឆ្នាំចុងក្រោយនេះ ដែលជានិន្នាការមួយដែលគេរំពឹងថានឹងបន្តកើតមានសម្រាប់ទសវត្សរ៍នេះ។

ហេតុដូច្នេះ ការបំភាយកាបូនក្នុងតំបន់មានការកើនឡើងជាលំដាប់ ពោលគឺលើសពីមធ្យមភាគសកលមួយភាគរយ នៅក្នុងឆ្នាំ២០២២ ជាមួយនឹងការកើនឡើងប្រចាំឆ្នាំប្រហែល ៣ ភាគរយ។ នេះធានាដល់វិស័យថាមពល ដែលជាអ្នកបំពុលចម្បង ដើម្បីធ្វើការផ្លាស់ប្តូរជាបន្ទាន់។

ស្ថានភាពសេដ្ឋកិច្ចសង្គមបច្ចុប្បន្នក្នុងអាស៊ាន ជាបញ្ហាប្រឈមចំពោះការផ្លាស់ប្តូរថាមពលដ៏សំខាន់នេះ។ ប្រទេសអាស៊ានភាគច្រើនកំពុងអភិវឌ្ឍសេដ្ឋកិច្ចដែលមានប្រជាជនវ័យក្មេង ខិតខំពង្រីកសេដ្ឋកិច្ច និងលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ខ្លួន។

កំណត់សម្គាល់របស់វេទិកាសេដ្ឋកិច្ចពិភពលោក បានចង្អុលបង្ហាញថា “ថាមពល trilemma គឺជាស្នូលនៃបញ្ហានៃការផ្លាស់ប្តូរថាមពលរបស់អាស៊ាន ដែលរដ្ឋាភិបាលត្រូវការធានាសន្តិសុខថាមពល តម្លៃសមរម្យ និងនិរន្តរភាព ទន្ទឹមនឹងការធានាឱ្យបាននូវការអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងអំឡុងការផ្លាស់ប្តូរ” ។

យោងតាមវេទិកាសេដ្ឋកិច្ចពិភពលោកបានឱ្យដឹងថា ការវិនិយោគថាមពលស្អាតប្រចាំឆ្នាំប្រមាណ ១៥០ ប៊ីលានដុល្លារ នឹងត្រូវការនៅឆ្នាំ២០៣០ សម្រាប់អាស៊ាន ដើម្បីសម្រេចបាននូវគោលដៅនៃការបំភាយឧស្ម័ន។ ទោះជាយ៉ាងណាក៏ដោយ ប្រទេសអាស៊ានបានស្រូបយកទឹកប្រាក់ប្រមាណ៣០ ប៊ីលានដុល្លារ ប្រចាំឆ្នាំ នៅឆ្នាំ២០២១ ដែលបង្ហាញពីគម្លាតនៃការវិនិយោគដ៏សំខាន់។
គួរកត់សម្គាល់ផងដែរថា ‘ផែនការអភិវឌ្ឍន៍ថាមពល (PDP) 2022-2040’ របស់កម្ពុជា ត្រូវបានស្នើឡើងដើម្បីបង្កើនចំណែកនៃថាមពលកកើតឡើងវិញយ៉ាងច្រើននៅក្នុងល្បាយថាមពលសរុប។ គោលនយោបាយនេះត្រូវបានរៀបចំឡើងស្របតាមការប្តេជ្ញាចិត្តរបស់កម្ពុជា ដើម្បីទទួលបានអព្យាក្រឹតកាបូន នៅឆ្នាំ២០៥០។

អាស្រ័យហេតុនេះ ចំណែកថាមពលពន្លឺព្រះអាទិត្យនៅក្នុងល្បាយថាមពលសរុបរបស់កម្ពុជា អាចឈានដល់ ៣,១៥៥ មេហ្គាវ៉ាត់ នៅឆ្នាំ២០៤០ ដែលធំជាងការរួមចំណែកពីវារីអគ្គិសនីដែលផលិតក្នុងស្រុក ដែលរួមចំណែកភាគច្រើននៃថាមពលកកើតឡើងវិញនៅក្នុងប្រទេសដែលបច្ចុប្បន្ន មានចំណែក ៤៥ ភាគរយ នៃល្បាយថាមពលសរុប។

យោងតាមផែនការអភិវឌ្ឍន៍ថាមពល បានឱ្យដឹងថា ប្រទេសកម្ពុជា នៅឆ្នាំ២០២២ មានសមត្ថភាពផលិតថាមពលពន្លឺព្រះអាទិត្យដែលបានដំឡើង ៤៣២ មេហ្គាវ៉ាត់ ហើយនៅឆ្នាំ២០៣០ វានឹងកើនឡើងដល់ ១,០០០ មេហ្កាវ៉ាត់ និងបន្ទាប់មកនឹងដល់ ៣,១៥៥មេហ្កាវ៉ាត់ នៅឆ្នាំ ២០៤០ ដែលបង្ហាញពីការកើនឡើងជិត ៨០០ ភាគរយក្នុងរយៈពេលនោះ។

យោងតាមផែនការ វារីអគ្គិសនីក្នុងស្រុកនឹងកើនឡើងពី ១,៣៣០មេហ្កាវ៉ាត់ ទៅ ១,៥៦០មេហ្កាវ៉ាត់ នៅឆ្នាំ២០៣០ និង ៣,០០០មេហ្កាវ៉ាត់ នៅឆ្នាំ២០៤០។ ថាមពលពីជីវម៉ាស់កកើតឡើងវិញ ដែលជាប្រភពថាមពលស្អាតមួយផ្សេងទៀត នឹងកើនឡើងពី ២៧មេហ្កាវ៉ាត់ ក្នុងឆ្នាំ២០២២ ដល់ ៩៨មេហ្កាវ៉ាត់ ក្នុងឆ្នាំ២០៣០ និង ១៩៨មេហ្កាវ៉ាត់ នៅឆ្នាំ២០៤០។


Comment:

Comment record:

No data was queried!

Copyright Cambodia Online All Rights Reserved.